ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់ទុកនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៤។
នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ា គឹមហុង បានបញ្ជាក់ថាក្រោយការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ រដ្ឋាភិបាលមានផែនទី២៦ផ្ទាំងដែលចាស់រេចរិល ដែលធ្វើឲ្យការកំណត់ព្រំដែនជួបការលំបាកច្រើន។ លោកបន្តថាក្រោយមក រដ្ឋាភិបាលបានទៅចម្លងផែនទីពីអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់សម្រាប់កំណត់ខ្មែរបន្ទាត់ព្រំដែន។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានការប្រើប្រាស់ផែនទីបោះពុម្ពនៅប្រទេសវៀតណាម លោក វ៉ា គឹមហុង អះអាងថាផែនទីទាំងនោះ ជាផែនទីស ដែលមិនមានកំណត់ខ្សែបន្ទាត់ព្រំដែននោះទេ។ លោកបញ្ជាក់នៅចំពោះមុខតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថា«ឯកឧត្តមខ្លះចោទខ្ញុំថា នៅឆ្នាំ២០០៧ខ្ញុំសុំឲ្យវៀតណាម បោះពុម្ភផែនទី៦ផ្ទាំង ដើម្បីយកមកប្រើកិច្ចការហ្នឹង ខ្ញុំសូមជម្រាបថា ខ្ញុំឲ្យធ្វើហ្នឹងមានចែងក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រួចហើយថាយើងធ្វើព្រំដែនហ្នឹង គឺយើងត្រូវការផែនទីស ដើម្បីយើងគូសចម្លង ដើម្បីយកផែនទីបោន ១/១០០០០០ អាផែនទីព្រំដែន ដែលយើងសុំឲ្យវៀតណាមគូសចម្លងនេះ ជាផែនទីសឥតមានខ្សែព្រំដែនទេ»។
លោក វ៉ា គឹមហុង អះអាងទៀតថាការបោះបង្គោលព្រំដែនដែលកំពុងប្រព្រឹត្តនាពេលបច្ចុប្បន្ននេះ ធ្វើឡើងដោយផ្អែកលើផែនទីខ្នាត១/១០០.០០០ និងមានការសម្របសម្រួលជាមួយប្រទេសវៀតណាម។
ជាមួយគ្នានេះ នៅពេលអ្នកសារព័ត៌មានចោទសួរពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដោយសារការបោះបង្គោលព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាលោកមិនត្រូវបកស្រាយនៅពេលនេះទេ ដោយលោកបកស្រាយតែពីភាពត្រឹមត្រូវនៃផែនទីប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលចូលរួមក្នុងសន្និសីទសារព័ត៌មាននោះ បានច្រានចោលការបកស្រាយរបស់លោកវ៉ា គឹមហុង ដោយលោកអះអាងថាផែនទីដែលលោក វ៉ា គឹមហុង បានដាក់បង្ហាញ គឺជាផែនទីបោះពុម្ពឡើងដោយវៀតណាម ។