GuidePedia


គឺជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍ ដែល​តារា​ល្បីល្បាញ​លោក​ពែ​កមី បាន​ប្រកាស​ប្រាប់​​ថា​ខ្លួន​ថត​រឿង «​ភូមិ​អត់​មនុស្ស​»ដែល​ជា​​ខ្សែភាពយន្ត​ខ្នាត​​ធំ និង​ជា​រឿង​ដែល​ត្រូវ​គេ​អះអាង​ថា​មាន​ការចំណាយ​ទុន​ខ្ពស់ ដោយ​មិន​គិត​កម្រៃ​នោះទេ បើ​ទោះ​ជា​ខ្សែ​រឿង​នោះ មិន​មាន​ភាគហ៊ុន​រប​ស់លោក​ចូលរួម ។ លោក​បញ្ជាក់​បែប​នេះ ក្នុង​ពិធី​ក្រុង​ពាលី និង​បើក​សម្ពោធ​ផលិតកម្ម RED  Picture ដែល​ជា​ផលិតកម្ម​ថ្មី ប៉ុន្តែ​ត្រូវ​កត់សម្គាល់ថា​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញ​ក្នុង​ផលិតកម្ម LD  និង​ជា​ផលិតកម្ម​ដែល​បាន​បំពាក់​កាមេរ៉ា និង​សម្ភារ​ថតកុន​ស៊េរី​ចុងក្រោយ ។​
​លោក ចែម ចាន់​ដា​រ៉ា ហៅ​ពែ​ក​មី និយាយថា ខ្សែ​រឿង​ដែល​មាន​ចំណងជើង​ថា «​ភូមិ​អត់​មនុស្ស​»ដែល​ទើបនឹង​ក្រុង​ពាលី​ចេញ​ថត​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា​នោះ រូប​លោក​ស្ម័គ្រចិត្ត​ជួយ​ថត​ដោយ​មិន​មាន​គិត​កម្រៃ​នោះទេ ដោយ​បាន​កៀរគរ​ប្អូនៗ​រួម​មាន​នាយ​គ្រឿន និង​នាយ​ក្រាន់ ដែល​កំពុង​ឡើង​កូដ ឲ្យ​ថត​ស្ម័គ្រចិត្ត​ក្នុងតម្លៃ​យោគយល់​ទៀតផង ។ លោក​ថា ហេតុផល​នៃ​ការជួយ​ថត​នោះ មិនមែន​ដោយសារ​ផលិតកម្ម​ថ្មី​ពេក ហើយ​មិន​មាន​មាន​លទ្ធផល​ផ្ដល់​កម្រៃ​នោះទេ ប៉ុន្តែ​គឺ​មក​ពី​ចាងហ្វាង និង​ក្រុម​ផលិត​ករ នៅ​ក្នុង​ផលិតកម្ម​នេះ សុទ្ធតែ​ជា​មិត្ត​ជិតស្និទ្ធិ និង​ត្រូវបាន​លោក​ចាត់ទុកថា ជា​អ្នកមានគុណ ក្នុងពេល​ដែល​បាន​ជួយ​ឲ្យ​លោក​មាន​មុខ​មាន​មាត់​តាមរយៈ​ការសម្ដែង​នៅក្នុង​ផលិតកម្ម LD  នា​ពេលកន្លងមក ។​
​តារា​រូប​នេះ​និយាយថា «​ខ្ញុំ​ថត​ម៉ា​រឿង​ហ្នឹង​អត់​កុហក​ទេ អត់​យក​លុយ​ម៉ា​រៀល​ទេ គឺ​មក​ជួយ​តែម្ដង ដោយសារ​កន្លងមក លោក​ចាងហ្វាង​ហ្នឹង គាត់​ជួយ​ខ្ញុំ​ច្រើនណាស់​ក្នុងពេល​ដែល​គាត់​នៅ​ដឹក​ឲ្យ​ផលិតកម្ម​LD  ។ ខ្ញុំ​លើក​ដៃ​យក​លុយ​គាត់​មិន​កើត​ទេ គឺមាន​តែ​ជួយ​មើល​ខុសត្រូវ និង​ជួយ​និយាយ​ពួក​កំប្លែងៗ​ក្នុង​ក្រុម​ខ្ញុំ ឲ្យជួយ​យក​តម្លៃយោគ​យល់​ពី​គាត់​» ។ លោក​ថា ចាងហ្វាង​ផលិតកម្ម​RED គឺជា​អ្នកមានគុណ និង​មាន​ស្នាដៃ​ជួយ​ខ្លួន​ឲ្យបាន​ឡើង​កូដ​ច្រើនណាស់ នា​ពេល​កន្លងមក​តាម​រយៈ​ខ្សែ​រឿង«​អា​ប​ពាក់មួក​សុវត្ថិភាព​វគ្គ​១» «​អា​ប​ពាក់មួក​សុវត្ថិភាព​វគ្គ​២» «​ដំណើរ​អ្នក​ផ្សងព្រេង​ទាំង​៤» រឿង​«2 Brothers»   និង​ខ្សែ​រឿង​ពីរ​បី​ទៀត នៅ​ក្នុង​ផលិតកម្ម​LD ។​

ពិធី​ក្រុង​ពាលី និង​បើក​សម្ពោធ​ផលិតកម្ម RED  Picture កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា (រូបភាព​៖ វង្ស សុម៉ាលីន​)

​លោក​ថា ជាធម្មតា​តារា​ល្បី​ឈ្មោះ​យ៉ាង​ច្រើន​គេ​ត្រឹម​ផ្ដល់​ការទទួល​ថត​ក្នុងតម្លៃ​យោគយល់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​រឿង​មិន​យក​លុយ​គឺ​កម្រ​ខ្លាំងណាស់ ដោយសារតែ​ពេលវេលា​របស់​ល្បី​គឺ​សុទ្ធតែ​លុយ​គ្រប់​វិនាទី ពិសេស​គឺ​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ ប៉ុន្តែ​លោក​ថា សម្រាប់​លោក​មិន​អាច​មើលឃើញ​តែ​លុយ​ហើយ​ភ្លេចគុណ​បំណាច់​របស់​អ្នក​ធ្លាប់​ជ្រោមជ្រែង​បានទេ ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​ខាង​ផលិត​ករ RED Picture ទើបនឹង​បើក​ដំណើរការ ដែល​មិន​ទាន់​មាន​ប្រាក់ចំណូល​នៅឡើយ​បែបនេះ ។ លោក​ពែ​កមី បន្ថែមថា «​ខ្ញុំ​ជួយ​ថត​ឲ្យ​គាត់ ដោយសារតែ​រឿង​ហ្នឹង​ខ្ញុំ​មើល​ប៉ា​រ៉ូល​ទៅល្អ ហើយ​សូម្បី​តែ​កាម៉េរ៉ា និង​ប្រព័ន្ធ​ថត​ក៏​គាត់​យក​សុទ្ធតែ​អា​ទំនើប និង​ចុងក្រោយ​គេ​បង្អស់ ទើប​ខ្ញុំ​ពេញចិត្ត​ថត ម្យ៉ាង​ខ្ញុំ​ឃើញ​គាត់​ចំណាយ​ច្រើន​ទៅហើយ  ទើប​គិតថា​មិន​អាច​ទៅ​ទារ​តម្លៃ​ខ្លួន​អី​គ្រាន់តែ​ថត​ឲ្យ​គាត់​ប៉ុណ្ណឹង​បានទេ គាត់​ធ្លាប់​ជួយ​យើង ជួយ​គាត់​មួយ​រឿង​ទៅ សូម្បី​តែ​ថ្លៃ​សាំង​ក៏​ខ្ញុំ​ប្រកាស​ថា​អត់ឲ្យ​គាត់​ចេញ​ដែរ ដើម្បី​សងគុណ​ដែល​គាត់​ធ្លាប់​ជួយ​យើង​ឲ្យមាន​មុខ​មាន​មាត់ដ​ល់​ប៉ុណ្ណឹង​!» ​។​
​លោក ពែ​កមី ក៏​បាន​អះអាង​ពី​គម្រោង​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ទើប​សម្រេច​ធ្វើ​កិច្ចសហការ​ជាមួយ​ផលិត​ករ RED Picture ឲ្យ​កាន់តែ​ស៊ីជម្រៅ​មួយ​បន្ថែមទៀត បន្ទាប់ពី​បាន​ចាប់​ដៃ​ជាមួយ​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD និង​ថត​បាន​២​រឿង​គឺ​រឿង «2 Brother» ដែល​ទទួល​ជោគជ័យ​លើសលប់ និង​រឿង «​ឪពុក​ទាំង​២ ឬ 2 Fathers»ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង ។​
​លោក ឌៀប សុវណ្ណ​តារា អ្នកដឹកនាំ​សម្ដែង និង​ជា​ចាងហ្វាង​ផលិតកម្ម RED  Picture  បាន​អះអាង​ថា ក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» លោក​គ្រោង​ចំណាយ​ដើមទុន​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​គ្រាន់តែ​ចាយ​លើ​ការរៀបចំ​ខ្លោងទ្វារ​ភូមិ តាក់តែង​ផ្ទះ និង​តុបតែង​ទី​កន្លែង​ថត ឲ្យស្រប​នឹង​ផ្ទៃរឿង គឺ​អស់ប្រាក់​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​ទៅហើយ ។ លោក​ថ្លែង​អំណរគុណ ចំពោះ​សម្លាញ់​របស់លោក គឺ​លោក ពែ​កមី ដែល​បាន​លះបង់​មិន​ទារ​តម្លៃ​ខ្លួន​ពី​លោក​ក្នុង​ការទទួល​ថត​នេះ ប៉ុន្តែ​រូបលោក​ក៏​មិន​មើល​នឹង​ភ្នែក​នោះ​ដែរ បន្ទាប់​ពី​ខ្សែ​រឿង​ត្រូវ​បាន​ដាក់​បញ្ចាំង​ហើយ​ទទួល​ផល​ចំណេញ ។ លោក​ក៏​ថ្លែងអំណរគុណ​ចំពោះ​តារា​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​ថត​ឲ្យ​លោក​ក្នុង​តម្លៃ​យោគយល់ ដើម្បី​លើកស្ទួយ​ការផលិត​រឿង​លើកដំបូង​របស់​លោក ។ ខ្សែ​រឿង​ «​ភូមិ​អត់​មនុស្ស​» ដែល​លោក​ផលិត​នេះ ប្រមូលផ្ដុំ​ដោយ​តារា​ល្បីៗ​ទាំងអស់ រួមមាន លោក​ពែ​កមី (​ថត​មិន​យកលុយ​) នាយ​គ្រឿន នាយ​ចឺម នាយ​ក្រូច នាយ​ក្រាន់ លោក​ប៊ី​អាយ​ជី លោក​ជា សុវណ្ណ​ន​រាហ៍ អ្នកនាង សុខ សោ​ម៉ា​វត្តី លោក ប៉ែន ចំ​រ៉ុង អ្នកនាង ប៉េង​ប៉ោង និង​តារា​មានឈ្មោះ​បោះ​សំឡេង​ជាច្រើនរូប​ទៀត ។​
​លោក នី ប៉ាត់​ត្រា​លី  អ្នកគ្រប់គ្រង​ការផលិត​ប្រចាំ​ផលិតកម្ម RED Picture ថ្លែងថា ប្រភេទ​កាម៉េរ៉ា​ដែល​ប្រើ​ក្នុង​ការផលិត​រឿងនេះ គឺ Red 4K  ដែល​មាន​តម្លៃ​មួយ​គ្រឿង​ក្បែរ​១០​ម៉ឺន​ដុល្លារ និង​លោក​ថា​មានតែ​៣​គ្រឿង​ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ច​ប្បន្ន ។ នេះ​ជា​ប្រភេទ​កាមេរ៉ា ដែល​ខាង​ផលិតកម្ម​ហូលីវូដ​ប្រើ​សម្រាប់​ថតកុន ទើប​ធ្វើឲ្យ​លោក​មាន​ក្ដីរំពឹង​ខ្លាំង​ថា​រឿង«​ភូមិ​អត់​មនុស្ស​» ទទួលជោគជ័យ ដោយសារ​តែ​តួ​សម្ដែង​ក៏​សុទ្ធតែ​ជា​តារា​ឆ្នើម ៕
 
Top