GuidePedia

និស្សិត​ភូមា​ដែល​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​បានប្រកាសថា ពួកគេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណា​ច​នៅក្នុង​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​ចុងឆ្នាំ​២០១៥​នេះ ព្រោះតែ​ពួកគេ​មើលឃើញ​ថា​ពួកយោធា​មិន​បាន​បោះបង់ចោល​អំណាច​របស់​ខ្លួន​ដែល​មាន​តំណាង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ ។​

​ការ​ថ្លែង​របស់​ក្រុមនិស្សិត​បាន​ធ្វើឡើង​បន្ទាប់​ពី​ពួកគេ​បាន​ដើរ​ក្បួន​តវ៉ា​កាលពី​ថ្ងៃ​ម្សិលម្សិញ​នៅ​ទីក្រុង​យ៉ាំង​ហ្គ​ន ដោយ​ទាមទារ​ឲ្យ​ពួកយោធា​បញ្ចប់​ការ​លាប​ពណ៌​និស្សិត​ទៅ​រឿង​នយោបាយ និង​គាំទ្រ​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី អ៊ុង​សាន សូ​ជី ដែល​បាន​ជំរុញ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ ។​
​និស្សិត​ដែល​មាន​គ្នា​២00​នាក់​នោះ​បាន​ស្រែកថា រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​ចែង​ថា​ត្រូវមាន​ពួកយោធា​តំណាង​អំណាច​របស់​ខ្លួន​ហើយ​ថា គឺជា​រូប​ភាពអាក្រក់​មួយ​ចំពោះ​ប្រជាធិបតេយ្យ​នៅ​ភូមា ។ មេដឹកនាំ​និស្សិត​ម្នាក់​គឺ​លោក អ៊ុង​តាវ​វីន មក​ពី​សកល​វិទ្យាល័យ​យ៉ាំង​ហ្គ​ន​បាន​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ថា ពួកគេ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​នេះ ដោយសារតែ​មាត្រា​មួយចំនួន​របស់​រដ្ឋ​ធម្មនុញ្ញ​នៅ​តែ​បន្ដ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​និស្សិត ។​
​ក្រុមនិស្សិត​បាន​ប្រកាស​ថា ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​បន្ដ​មាន​សុពលភាព​ទៀត​នោះ​គឺ​គេ​ត្រូវ​បោះឆ្នោត​ប្រជាមតិ ។ រដ្ឋធម្មនុញ្ញ​ភូមា​បានកំណត់​អំណាច​ឲ្យ​ពួកយោធា​មាន​តំណាង​របស់​ខ្លួន​២៥​ភាគរយ​ក្នុងចំណោម​តំណាងរាស្ដ្រ​៦៥០​នាក់ ។ ប្រទេស​នេះ​នឹង​រៀបចំ​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា​ដែល​គេ​មិន​រំពឹង​ថា​លោកស្រី អ៊ុង​សាន សូ​ជី នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ព្រោះ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ឃាឃាំង​អ្នកនយោបាយ​ដែល​មាន​ឈាមជ័រ​បរទេស​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី ។​
​យ៉ាងណា​ក៏​ដោយ​ក្រុមនិស្សិត​ភូមា​ត្រូវបាន​គេ​ពណ៌នា​ថា​ជា​ក្រុម​ចលករ​ដ៏​ខ្លាំង​មួយ​ជំរុញ​ឲ្យមាន​ការប្រែប្រួ​ល​នយោបាយ និង​ការដឹកនាំ​នៅ​ពេល​ប្រទេស​អតីត​របប​យោធានិយម​នេះ ដែល​នឹង​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ជា​លើកដំបូង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​៕
 
Top