តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាប្រធានគណៈកម្មការមួយនៅសភា បានបណ្ដេញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ម្នាក់ មិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងបរិវេណមន្ទីររដ្ឋសភា និងហៅសន្តិសុខឲ្យនាំខ្លួនអ្នកសារព័ត៌មានចេញពីមន្ទីររដ្ឋសភា ក្នុងពេលជាមួយគ្នានោះទៀតផង។
មន្ត្រីសង្គមស៊ីវិល និងតំណាងរាស្ត្រដែលរងការបណ្ដេញចេញ ថាទង្វើរបស់ លោក ឈាង វុន ជាការជ្រៀតជ្រែកការងាររបស់អ្នកតំណាងរាស្ត្រ និងខុសទៅនឹងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មភ្លាមៗរបស់ លោក ឈាង វុន នេះក្រោយពេលលោកផ្តល់បទសម្ភាសន៍មកក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងរឿងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ សមាគម បន្ទាប់ពីគណៈកម្មការជំនាញទាំង៣ នៃរដ្ឋសភា បានបិទបញ្ចប់ការប្រជុំផ្ទៃក្នុង ហើយលោកស្នើឲ្យទូរទស្សន៍ក្នុងស្រុក ចាក់វីដេអូរបស់លោកទាំងស្រុងដែលមានរយៈពេលជិតកន្លះម៉ោង។ ផ្ទុយទៅវិញ នៅពេលក្រុមអ្នកសារព័ត៌មានសុំសម្ភាសតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លោក ឈាង វុន បែរចេញមុខរារាំងទៅវិញ។
លោក ឈាង វុន៖ «ក្នុងរដ្ឋសភាធ្វើអត់បានតែម្ដង យល់ទេ? សុំច្បាប់ប្រធានសិន! យើងមានសារាចរណែនាំហើយ។ ...អាស៊ីសេរី? អ៊ីចឹងបានរឹងទទឹង គ្នាលោកឯងតែប៉ុណ្ណឹង។ ទៅៗៗ កុំឲ្យខ្ញុំឲ្យសន្តិសុខមកអញ្ជើញចេញទៅ ព្រោះក្នុងរដ្ឋសភាគេមានច្បាប់របស់គេ»។
អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ ទទួលបន្ទុកប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ប្រាប់ថា ក្នុងនាមលោកជាប្រធានគណៈកម្មការសភា មានសិទ្ធិនិយាយជាមួយអ្នកកាសែត ប៉ុន្តែ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពុំមានសិទ្ធិនិយាយជាមួយសារព័ត៌មានទេ។
លោក ឈាង វុន ដេញមិនឲ្យ លោក អ៊ុំ សំអាន ផ្តល់បទសម្ភាសន៍នៅក្នុងបរិវេណរដ្ឋសភា៖ «ឈាង វុន៖ នែ! ធ្វើការអត់? ដកអាស៊ីសេរី ហ្នឹងចេញទៅ! អ៊ុំ សំអាន៖ ខ្ញុំមានសិទ្ធិនិយាយឯកឧត្ដម។ ឈាង វុន៖ អត់មានសិទ្ធិនិយាយទេ ខ្ញុំប្រធានគណៈកម្មការព័ត៌មាន ខ្ញុំមានសិទ្ធិនិយាយ»។
លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រគណបក្សប្រឆាំងទី២ ដែលត្រូវ លោក ឈាង វុន បណ្ដេញចេញពីបរិវេណរដ្ឋសភា នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែកក្កដា។ កាលពីឆ្នាំ២១០៣ លោក ឈាង វុន ក៏បានបណ្ដេញតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ចេញពីបរិវេណសភា ប្រសិនបើចង់ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដូចគ្នានេះដែរ។
ប៉ុន្តែម្តងនេះ លោក ឈាង វុន ហាក់បីដូចជាកាចជាងមុន ព្រោះក្នុងពេលលោកព្រមាននោះ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ទាញម៉ាស៊ីនថតរូបយកមកថត លោកក៏បានរុញច្រានចេញ និងព្រមានកម្ទេចម៉ាស៊ីនថតរូបនោះចោល។
ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់របស់អង្គការការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា និយាយថា ទង្វើរបស់ លោក ឈាង វុន ជាការជ្រៀតជ្រែកសិទ្ធិសេរីភាពការងាររបស់តំណាងរាស្ត្រក្នុងការផ្តល់ព័ត៌មានទៅពលរដ្ឋ។ លោក នី ចរិយា ថាតំណាងរាស្ត្រគណបក្សកាន់អំណាចរូបនេះ យកមន្ទីររដ្ឋសភាធ្វើជាផ្ទះរបស់លោកទៅហើយ ដែលចង់ធ្វើអ្វីតាមទង្វើចិត្តរបស់លោក៖ «គាត់ស្មានថា សភាហ្នឹងជាផ្ទះរបស់គាត់។ មិនមែនផ្ទះរបស់គាត់ទេ! កន្លែងនេះជាកន្លែងរបស់រាស្ត្រ មិនមែនផ្ទះរបស់លោក ឈាង វុន ដែលលោកអាចកាងធ្វើតាមអំពើចិត្តនោះទេ»។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងសភាថា លោក ឈាង វុន ប្រើសិទ្ធិបណ្ដេញលោកចេញនេះ គឺហួសពីព្រំដែនការងាររបស់លោកជាប្រធានគណៈកម្មការសភា ខុសទៅនឹងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ លោក អ៊ុំ សំអាន បន្តថា ក្រោយមានរឿងនេះ លោកនឹងស្នើទៅប្រធានរដ្ឋសភា ដើម្បីណែនាំទៅ លោក ឈាង វុន កុំបិទសិទ្ធិរបស់លោកជាតំណាងរាស្ត្រ។
លោក អ៊ុំ សំអាន៖ «កន្លែងធ្វើការរបស់អ្នកតំណាងរាស្ត្រ គឺធ្វើការក្នុងសភា តើឲ្យខ្ញុំទៅធ្វើការតាមចិញ្ចើមថ្នល់ ឬយ៉ាងម៉េច? អ្នកតំណាងរាស្ត្រមានសិទ្ធិនិយាយជាមួយអ្នកកាសែត ផ្ដល់ព័ត៌មានទៅពលរដ្ឋ សង្គមស៊ីវិល ក្នុងរដ្ឋសភា ព្រោះនេះជាកន្លែងធ្វើការខ្ញុំនៅហ្នឹង»។
ទង្វើរបស់ លោក ឈាង វុន អ្នកលេងសង្គមហ្វេសប៊ុក (facebook) មួយចំនួន រិះគន់ថាជាឥរិយាបថមិនសមរម្យ។
នៅថ្ងៃនេះដែរ លោក ឈាង វុន បានផ្ញើលិខិតមួយច្បាប់ទៅ លោក ហេង សំរិន ប្រធានរដ្ឋសភាថា ការដែល លោក អ៊ុំ សំអាន ចចេសចង់ផ្តល់បទសម្ភាសន៍នោះ ជាឥរិយាបថរឹងរូសចង់រករឿង ធ្វើឲ្យមានបញ្ហាលើការអនុវត្តច្បាប់ និងសន្តិសុខផ្ទៃក្នុងរដ្ឋសភា។
លិខិតដដែលរបស់ លោក ឈាង វុន លើកឡើងថា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រង់ប្រការ៨ ចំណុច “ច” ចែងថា ប្រធានរដ្ឋសភាមានមុខងាររក្សាការពារ និងសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា។ ដូច្នេះ ចរិតព្រហើនមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ចំណុចនេះរបស់ លោក អ៊ុំ សំអាន គឺពិតមិនអាចទទួលយកបានឡើយ។
លោក អ៊ុំ សំអាន ហៅទង្វើរបស់ លោក ឈាង វុន ថាជាការរើសអើងផ្នែកនយោបាយ ខណៈដែលតំណាងរាស្ត្របក្សកាន់អំណាចអាចផ្តល់បទសម្ភាសន៍នៅមន្ទីររដ្ឋសភា ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និយាយជាមួយអ្នកកាសែតនៅក្នុងមន្ទីររដ្ឋសភាមិនបាន៕