ខណៈបញ្ហាបូរណភាពទឹកដីរវាងខ្មែរនិងយួនកំពុងកើនកម្តៅនាឆ្នាំ២០១៥នេះ ស្រាប់តែនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម មានការភ្ញាក់ផ្អើលទៅនឹងលិខិតរបស់លោក ហូ ជីមិញ (Ho Chi Minh) ជាវីរបុរសយួនកាលនៅរស់រានមានជីវិត បានទទួលស្គាល់ថា ទឹកដីខ្មែរក្រោមជារបស់ខ្មែរ ហើយសន្យាប្រគល់ឲ្យខ្មែរវិញ ។
ប្រិយមិត្តអ្នកលេង Facebook បានធ្វើការបកប្រែខ្លឹមសារលិខិតចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៤៥ របស់លោក ហូ ជីមិញ វីរបុរសយួនកាលនៅរស់ ដូចខាងក្រោម ៖
សូមគោរពប្រជាជនខ្មែរក្រោម និងអរគុណជាអនេកប្បការ ! ខ្ញុំ ហូ ជីមិញ តាងនាមឲ្យប្រមុខសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សូមប្រកាសជាឧឡារិកថា ៖
១-ទឹកដីដែលយើងខ្ញុំតែងតែហៅថា វៀតណាមខាងត្បូង បារាំងហៅថា កូសាំងស៊ីន តាមពិតគឺជាទឹកដីរបស់កម្ពុជាក្រោម ។
២-ទឹកដីកម្ពុជាក្រោមនេះ ឋិតនៅក្រោមការគ្រប់គ្រង ព្រមទាំងជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាក្រោម ។
៣-ជាមួយនឹងការពិតនេះ ជនជាតិវៀតណាមទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាក្រោម គ្រាន់តែមកតាំងទីលំនៅបណ្តោះអាសន្ន មិនមានសិទ្ធិសម្រេចអ្វីទាក់ទងទៅនឹងបូរណភាព និងសិទ្ធិជាម្ចាស់ទឹកដីនោះទេ ។ ប្រជាជនវៀតណាមយើងខ្ញុំជំពាក់គុណជានិច្ចដល់ការជួយជ្រោមជ្រែងយើងខ្ញុំនៅលើទឹកដីនេះ ។ យើងខ្ញុំសូមសន្យាថា នឹងស្មោះត្រង់ទៅនឹងផលប្រយោជន៍របស់អស់លោក អ្នក នៅលើទឹកដីជាបូរណភាពរបស់លោកអ្នក ! ហាណូយ, ថ្ងៃទី០៣ ខែ៥ ឆ្នាំ១៩៤៥ ។
ក្រុមអ្នកលេង Facebook បានលើកឡើងដែរថា "ហូ ជីមិញ ទទួលស្គាល់ទឹកដីខ្មែរក្រោមជារបស់ខ្មែរ ហើយសន្យាប្រគល់ឲ្យខ្មែរវិញ ដោយយួនដែលរស់នៅលើទឹកដីខ្មែរក្រោម គឺរស់នៅជាបណ្តោះអាសន្នទេ ។ ប៉ុន្តែពេលយួនកុម្មុយនិស្តឈ្នះសង្គ្រាមនៅឆ្នាំ១៩៧៥ សហការីមេដឹកនាំយួនបានបំភ្លេចកិច្ចសន្យានេះ ហើយនិយាយចំអកឲ្យខ្មែរវិញថា ៖ ចង់បានដីខ្មែរក្រោម ទៅយកពី ហូ ជីមិញ ចុះ (Sic!)" ។
មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ថា នេះជាលិខិតពិតប្រាកដរបស់ ហូ ជីមិញ វីរបុរសយួន និងត្រូវបានបកប្រែខ្លឹមសារជាផ្លូវការនៅឡើយទេ ៕